កីឡាជាតិ
ជាតិ
Davis Cup៖ គ្រូវាយកូនបាល់កម្ពុជា ប្រាប់កីឡាករ កុំភ័យ ពេលប្រកួតជាមួយកីឡាករកម្រិតខ្ពស់
15, May 2024 , 11:59 am        
រូបភាព
អត្ដពលិកកម្ពុជា ត្រៀមហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍ Davis Cup Asia
អត្ដពលិកកម្ពុជា ត្រៀមហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍ Davis Cup Asia
កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ Davis Cup វគ្គជម្រុះវគ្គជម្រុះកម្រិត៤ ប្រចាំតំបន់អាស៊ី/អូសេអានី Asia/ /Oceania Group IV ដែលជាការប្រកួតវាយកូនបាល់កម្រិតពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹតនៅថ្ងៃទី៨-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Braen Aneiros គ្រូបង្វឹកវាយកូនបាល់ជម្រើសជាតិកម្ពុជា លើទឹកចិត្តឲ្យកីឡាករ បន្ថូអារម្មណ៍ ហើយប្រឹងអស់ពីសមត្ថភាព ពេលជួបជាមួយគូប្រជែង ដែលមានកម្រិតខ្ពស់។



សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានត្រៀមកីឡាករ ៥រូប ក្នុងការប្រកួតជម្រុះ Davis Cup ឆ្នាំ២០២៤ ក្នុងនោះមាន៖ កីឡាករ ឡេង សារិនរាជ, ប៊ុន កេន្នី, គ្រូសលីន ម៉ាធីវ ដាវិត, ទេព ទីម៉ូធី និង កីឡាករ ផានថាឡា ឡូកាស អាតថូ។ ព្រឹត្តិការណ៍នេះ មាន៨ប្រទេសចូលរួម ក្នុងនោះមាន៖ ម្ចាស់ផ្ទះ កម្ពុជា, មីយ៉ាន់ម៉ា ស្រីលង្កា កាតា អ៊ីរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន​ កូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ 
 
លោក Braen Aneiros មានជំនឿចិត្តយ៉ាងខ្លាំង ចំពោះអត្ដពលិកកម្ពុជា ក្នុងការសម្រេចបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ។ ចំពោះការំពឹងទុកដូច្នេះ គ្រូបង្វឹករូបនេះ បញ្ជាក់ថាកីឡាករទាំងនោះ បានប្រឹងហ្វឹកហាត់យ៉ាងសស្រាក់ ពេញរយៈពេលមួយឆ្នាំ។
 
គ្រូបង្វឹកជម្រើសជាតិរូបនេះ បាននិយាយដូច្នេះ៖«យើង មានជំនឿចិត្តលើអត្ដពលិក ព្រោះយើងបានហ្វឹកហាត់ គ្មានពេលឈប់ពេញមួយឆ្នាំនេះ ហើយអត្ដពលិកយើង មានឆន្ទៈត្រៀមចំពោះព្រឹត្តិការណ៍នេះ។ យើង មានជំនឿចិត្ត ព្រោះយើងជាតំណាងឲ្យកម្ពុជា ដែលយើង នឹងធ្វើឲ្យបានល្អបំផុត។ ខ្ញុំសង្ឃឹមថា យើងនឹងជោគជ័យ ហើយយើងនឹងទៅវគ្គបន្ទាប់។»។
 
នៅសល់ជិត២ខែទៀត ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើម អត្ដពលិកកម្ពុជា បន្ដហ្វឹកហាត់ជាប្រចាំ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨:៣០ ដល់១១:០០ ព្រឹក និងរសៀល ម៉ោង២:00 ដល់៥:០០។ 
 
រាល់ការចូលរួមប្រកួត គ្រូជម្រើសជាតិរូបនេះ តែរំពឹងទៅលើលទ្ធផលល្អ និងជ័យជម្នះជានិច្ច។ ដោយឡែក លោក Braen Aneiros ជឿថា ប្រសិនកីឡាករកម្ពុជា មិនមានសម្ពាធ ឬមិនតានតឹង ពេលជួបគូប្រកួតខ្លាំង ពួកគេនឹងធ្វើបានល្អ។ 
 
«គ្រប់ការប្រកួត​ ពួកយើងតែងតែរំពឹងថា នឹងយកជ័យជម្នះ។ យើងសង្ឃឹមថាឈ្នះ បើទោះជាដឹងថាការប្រកួត មិនងាយស្រួល ព្រោះក្រុមចូលរួមទាំងអស់ ក៏បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីជ័យជម្នះដែរ។ យើង គ្រាន់តែចង់ឲ្យអត្ដពលិករបស់យើង កុំតាន់តឹង ហើយព្យាយាមប្រកួតទៅតាមអ្វី ដែលអាចធ្វើឲ្យបានល្អបំផុត។ ខ្ញុំ គិតថាប្រសិនអត្ដពលិកយើងធ្វើបាន យើងនឹងបានលទ្ធផលល្អ។»។ លោក Braen Aneiros ណែនាំកីឡាករ ដូច្នេះ៕
 

Tag:
 វាយកូនបាល់
© រក្សាសិទ្ធិដោយ thmeythmey.com